ហេតុអ្វីត្រូវពាក់វ៉ែនតាហើយមានប្រយោជន៍អ្វីខ្លះ?

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន មិន​និយម​ពាក់​វ៉ែនតា​ទេ។ ការ​មិន​និយម​ពាក់​វ៉ែនតា​នេះ ព្រោះ​ពលរដ្ឋ​ទាំង​នោះ​យល់​ថា ការ​ពាក់​វ៉ែនតា គឺ​សម្រាប់​តែ​ពេល​ភ្នែក​មាន​ជំងឺ ឬ​សម្រាប់​ភ្នែក​មនុស្ស​ចាស់​ប៉ុណ្ណោះ។

តើ​វ៉ែនតា​ជួយ​ភ្នែក​ដូចម្ដេច​ខ្លះ?

            ជំងឺ​ភ្នែក​នៅ​ប្រទេស​កម្ពុជា កំពុង​ក្លាយ​ជា​បញ្ហា​ចោទ​នៅ​ឡើយ។ គ្រូពេទ្យ​ជំនាញ​ឯកទេស​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​រាជធានី​ភ្នំពេញលោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់​ថា ជំងឺ​ភ្នែក​បណ្ដាល​មក​ពី​កត្តា​ជាច្រើន ដូចជា ការ​ប៉ះ​ទង្គិច របួស​ស្នាម ជំងឺ និង​កត្តា​ពី​កំណើត។ មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា មាន​ជំងឺ​ភ្នែក​ច្រើន គឺ​ដោយសារ​ពលរដ្ឋ​ខ្មែរ​មិន​សូវ​និយម​ពាក់​វ៉ែនតា។

            លោក​វេជ្ជបណ្ឌិត​ពន្យល់​ទៀត​ថា ផល​ប្រយោជន៍​ពី​ការ​ពាក់​វ៉ែនតា មាន​សារសំខាន់​ទាំង​ការ​ជួយ​ការពារ​ភ្នែក​ពី​ការ​ប៉ះ​ទង្គិច​របួស​ស្នាម ជំងឺ និង​ការ​ជួយ​សម្រាប់​ឱ្យ​យើង​មើល​ឃើញ​ច្បាស់។ លោក​ពន្យល់​ទៀត​ថា ហេតុផល​សំខាន់​មួយ​ដែល​យើង​ត្រូវ​ពាក់​វ៉ែនតា គឺ​មក​ពី​ការ​មើល​មិន​ច្បាស់។ បញ្ហា​នេះ មាន​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង។

លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឱ្យ​ដឹង​ថា វ៉ែនតា​សម្រាប់​ជួយ​ឱ្យ​យើង​មើល​ឃើញ​ច្បាស់ គឺ​មាន ៤​ប្រភេទ​ទៅ​តាម​បញ្ហា​របស់​ភ្នែក។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា វ៉ែនតា​មួយ​ប្រភេទ​ទៀត គឺ​សម្រាប់​ភ្នែក​អ្នក​ដែល​មើល​មិន​ច្បាស់​ទាំងអស់។ គ្រូពេទ្យ​ហៅ​បញ្ហា​ភ្នែក​នេះ​ថា អាស្ទីម៉ាត (Astigmatism)។ ទាក់ទង​នឹង​ជំងឺ​ភ្នែក​អាស្ទីម៉ាត​នេះ មាន​ផល​វិបាក​សម្រាប់​ការ​រៀន​សូត្រ​របស់​កូន​ក្មេង។

វ៉ែនតា​ប្រភេទ​ទី​៤ គឺ​សម្រាប់​ភ្នែក​ដែល​មើល​ជិត​មិន​ច្បាស់ ជាពិសេស​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៤០​ឆ្នាំ​ឡើង​ទៅ។ គ្រូពេទ្យ​ហៅ​បញ្ហា​ភ្នែក​នេះ​ថា ប្រេសបាយយ៉ូប (Presbyopia)៖ «ត្រូវ​មាន​វ៉ែនតា​បន្ថែម​សម្រាប់​អាន ឬ​ធ្វើ​ការ»

លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ ណែនាំ​ថា អ្នក​ប្រើ​វ៉ែនតា​សម្រាប់​មើល​ជិត​នេះ គប្បី​ដក​ឃ្លា​ការ​អាន ឬ​សរសេរ​ឱ្យ​មាន​ចម្ងាយ​យ៉ាង​តិច ៣​តឹក​កន្លះ ទៅ ៤​តឹក (35cm – 40cm) ពី​ភ្នែក។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា កូន​ក្មេង​មួយ​ចំនួន​តូច​ដែល​មាន​ពី​អាយុ ៣​ខែ ទៅ ១​ឆ្នាំ អាច​មាន​ភ្នែក​មីញ៉ូប​ក្នុង​កម្រិត​លេខ​ណា​មួយ។ ក៏ប៉ុន្តែ កូន​ក្មេង​មាន​បញ្ហា​នេះ មិន​មាន​ន័យ​ថា​ត្រូវ​ពាក់​វ៉ែនតា​ទាំងអស់​ទេ ពីព្រោះ​ក្នុង​ចន្លោះ ៣​ឆ្នាំ ភ្នែក​មីញ៉ូប​នោះ​អាច​វិវឌ្ឍ​ទៅ​រក​ភាព​ធម្មតា​វិញ៖ «លើក​លែង​តែ​កូន​ក្មេង​ហ្នឹង​វា​វិវឌ្ឍ​ទៅ​រក​ភ្នែក​ខ្ជិល នៅ​ក្នុង​វ័យ​នេះ ហេតុផល​នៃ​ការ​ពាក់​វ៉ែនតា គឺ​ទាក់ទង​នឹង​ការ​វិវឌ្ឍ ឬ​បញ្ហា​របស់​ភ្នែក»

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា កូន​ក្មេង​ខ្លះ​ដែល​មាន​គ្រាប់​ភ្នែក​ធំ​តូច​ខុស​គ្នា ក៏​ត្រូវ​ពាក់​វ៉ែនតា​ដែរ ពីព្រោះ​ភ្នែក​នោះ​មាន​លេខ​ខុស​គ្នា។ ការ​ប្រើ​វ៉ែនតា គឺ​ជួយ​កុំ​ឱ្យ​ភ្នែក​ខ្ជិល និង​មើល​ឃើញ​បាន​ស្មើ​គ្នា។

កូន​ក្មេង​ដែល​មាន​ភ្នែក​មីញ៉ូប​ពី​អាយុ ៣​ខែ ដល់ ៦​ឆ្នាំ អាច​វិវឌ្ឍ​ទៅ​រក​ធម្មតា​វិញ​ជា​លំដាប់ ដោយ​មិន​បាច់​ប្រើ​វ៉ែនតា៖ «ហើយ​ពី ៦​ឆ្នាំ​ទៅ​ដល់ ១២​ឆ្នាំ ក្មេង​មួយ​ចំនួន​អាច​វិវឌ្ឍ​ទៅ​រក​ការ​ពាក់​វ៉ែនតា។ ហេតុ​អី? ពីព្រោះ​វា​ទាក់ទង​នឹង​ការ​អាន ការ​សរសេរ និង​ការ​លេង»

លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ បញ្ជាក់​បន្ថែម​ថា

កន្លង​មក​មាន​ការ​យល់​ខុស​មួយ​ថា ការ​ពាក់​វ៉ែនតា​នឹង​ធ្វើ​ឱ្យ​បញ្ហា​មីញ៉ូប​របស់​ភ្នែក​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​លេខ​វ៉ែនតា​ចេះ​តែ​កើន​ឡើង។ លោក​ថា ការ​សិក្សា​រក​ឃើញ​ថា អ្នក​ពាក់​វ៉ែនតា​ជាប់​មាន​កម្រិត​លេខ​មីញ៉ូប​ឡើង​យឺត​ជាង​អ្នក​ដែល​មិន​ពាក់៖ «ប្រជាជន​យើង​ថា​ពាក់​វ៉ែនតា​ឡើង​លេខ ខុស​គ្នា តែ​ពេទ្យ​អត់​ពន្យល់​អ៊ីចឹង​ទេ។ ការ​ពាក់​វ៉ែនតា វា​អាច​ទប់ស្កាត់​ការ​វិវឌ្ឍ​ទៅ​រក​ភ្នែក​ខ្ជិល​ហ្នឹង​ឯង»

 

លោក​ថ្លែង​ថា ការ​មិន​ពាក់​វ៉ែនតា ឬ​មួក​ការពារ​ភ្នែក​ពី​ពន្លឺ​ថ្ងៃ​ចាំង ពន្លឺ​នោះ​នឹង​ដុត​ភ្នែក​បន្តិច​ម្ដងៗ ហើយ​ច្រើន​ឆ្នាំ​ក្រោយ​មក វា​នឹង​បង្ក​ឱ្យ​កើត​ជំងឺ​បាត​ភ្នែក និង​ភ្នែក​ឡើង​បាយ។ លោក​ឱ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​កម្ពុជា ទាំងអស់​ដែល​មាន​អាយុ​ចាប់​ពី ៤០​ឆ្នាំ​ឡើង​ទៅ សុទ្ធ​តែ​មាន​បញ្ហា​ភ្នែក​ទាំងអស់។ ដោយ​ឡែក​កុមារ​ប្រមាណ ១០% មាន​បញ្ហា​ភ្នែក។ លោក​ថា របប​អាហារ​ដែល​មាន​សាច់​ច្រើន គឺ​ជា​មូលហេតុ​មួយ​នាំ​ឱ្យ​មាន​បញ្ហា​ភ្នែក។ មូលហេតុ​មួយ​ទៀត គឺ​ការ​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ច្រើន ដែល​ធ្វើ​ឱ្យ​ភ្នែក​ប្រឹង​រហូត និង​ស្ងួត។

លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ ណែនាំ​ថា មនុស្ស​គ្រប់​រូប​គប្បី​ឱ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​ភ្នែក​រក​បញ្ហា ហើយ​ប្រសិន​បើ​គ្រូពេទ្យ​តម្រូវ​ឱ្យ​ពាក់​វ៉ែនតា គឺ​ត្រូវ​តែ​ពាក់ ពីព្រោះ​វ៉ែនតា​មាន​ប្រយោជន៍​ជួយ​កុំ​ឱ្យ​ភ្នែក​ប្រឹង​អាន ឬ​សរសេរ ធ្វើ​ការ​បាន​យូរ និង​មិន​ឈឺ​ក្បាល៕

Credit by: rfa.org

Views : 364